កាលបរិច្ឆេទ: ១០ សីហា ២០២២
ភ្នាក់ងារ AKP បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មកំពុងរៀបចំចុះឈ្មោះ «អំបិលកំពត-កែប និងផ្កាអំបិល» ទៅក្នុងបញ្ជីផលិតផល ដែលមានស្លាកសញ្ញាសម្គាល់ទីតាំងភូមិសាស្រ្ត(IGP)ថ្នាក់ជាតិ ដើម្បីលើកស្ទួយផលិតផលនៅលើទីផ្សារ។
បើតាមការឲ្យដឹងរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្រុមការងារទទួលបន្ទុកផ្នែកចុះបញ្ជីផលិតផល IGP ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (OMPI) បានយកសំណាកទឹកសមុទ្រនៅតំបន់ចំនួន៧ទៅធ្វើតេស្ត ដើម្បីផលិតអំបិល និងផ្កាអំបិលដែលមានគុណភាពខ្ពស់។
លោកសួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានថ្លែងយ៉ាងដូច្នេះ៖«នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយអ្នកជំនាញថ្នាក់ជាតិ និងអន្តរជាតិមកពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានរៀបចំឲ្យមានសិក្ខាសាលាផ្សព្វផ្សាយ និងយកសំណាកទឹកសមុទ្រ សំណាកដី និងសំណាកអំបិល ដើម្បីយកទៅត្រួតពិនិត្យមើលពីគុណភាពអំបិល និងផ្កាអំបិលកំពត-កែបនៅតាមកន្លែងផលិតអំបិលចំនួន៧»។ លោកបានបញ្ជាក់បន្ថែម៖«លទ្ធផលបានបង្ហាញថា ទីតាំងទំាង៧កន្លែងនោះអាចរាប់បញ្ចូលទៅក្នុងតំបន់ផលិតអំបិល និងផ្កាអំបិលកំពត-កែបបាន»។
ក្រសួងក៏បានធ្វើការសិក្សាផងដែរពីលទ្ធភាពដែលអាចចុះឈ្មោះផលិតផលមួយចំនួនទៅក្នុងបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្រ្ត ឬផលិតផលម៉ាកសមូហភាព នៅក្នុងវិស័យ នេសាទ ជាពិសេសគឺផលិតផលហៃប៊ីខេត្តកំពង់សោម ហៃប៊ីខេត្តកោះកុង និងប្រហុកខេត្តសៀមរាប ដែលសុទ្ធសឹងជាផលិតផលនេសាទដ៏ល្បីនៅកម្ពុជា។
បច្ចុប្បន្នកម្ពុជាមានផលិតផលមួយចំនួនដែលមានស្លាកសញ្ញាសម្គាល់ទីតាំងភូមិសាស្រ្ត ដូចជាម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺដែលជាផលិតផលកែច្នៃ និងចែកចាយដោយក្រុមហ៊ុនខនហ្វីរេល និងក្រូចថ្លុងកោះទ្រង់ ព្រមទាំងទឹកឃ្មុំធម្មជាតិមណ្ឌលគិរី៕